+(855) 23 884 150
x

Style selector


Choose background pattern:


Choose color sheme:

Click here
Click here
Click here

News

សង្គម​ស៊ីវិល ប្រកាស​ដំណើរការ​បន្ទប់​ស្ថានការណ៍​​បោះឆ្នោត​ឆ្នាំ​២០១៧
By: បន្ទប់ស្ថានការណ៍
Mar 27, 2017

ភ្នំពេញ៖(ខ្មែរថាមស៍)ខណៈ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ខិតជិត​មក​ដល់ក្រុម​អង្គការ​សង្គម​ស៊ីវិលនិង​សមាគម​មិន​មែន​រដ្ឋាភិបាល​នៅ​កម្ពុជាបាន​ប្រកាស​ចាប់​ដំណើរការបន្ទប់​ស្ថានការណ៍​ស្ដីពី​ការ​បោះឆ្នោតឆ្នាំ​២០១៧ដោយ​គ្រោង​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ជាង ២​ម៉ឺន​នាក់ នៅ​តាម​ការិយាល័យ​បោះឆ្នោត​ទូទាំង​ប្រទេស។​

​បន្ទប់​ស្ថានការណ៍​ស្ដីពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ត្រូវ​បាន​ប្រកាស​ដំណើរការ​ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ រហូត​ដល់​ខែ​កក្កដា ឆ្នាំ​២០១៧។ បន្ទប់​នេះ គឺ​ជា​ទីតាំង​ប្រមូល​ផ្តុំ​នៃ​សមាជិក​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត (ERA) អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ និង​អ្នក​ជំនាញ ដើម្បី​ប្រមូល​ផ្តុំ​ធនធាន បង្កើន​សមត្ថភាព និង​រួម​ចំណែក​សហការ​ជាមួយ​មូលនិធិ ឬ​គាំទ្រ ដើម្បី​ដំណើរការ​ផែនការ​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍ ក្នុង​ស្រុក​នៅ​ថ្ងៃ​បោះឆ្នោត។​

​បន្ទប់​នេះ ក៏​ជា​វេទិកា​នៃ​ការ​សហការ​គ្នា ដែល​អាច​ឲ្យ​មាន​ការ​ចែក​រំលែក និង​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌មាន បង្កើត​ឲ្យ​មាន​ការ​សិក្សា​វាយ​តម្លៃ និង​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការ​បោះឆ្នោត ព្រម​ទាំង​ការ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ​ចំពោះ​បញ្ហា និង​ហានិភ័យ​នៃ​ភាព​អសន្តិសុខ និង​ការ​យាយី ដែល​ទាក់ទង​នឹង​ស្ថានភាព​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។​

​លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា (NICFEC) និង​ជា​សមាជិក​នៃ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត (ERA) បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​បន្ទប់​ស្ថានការណ៍​នេះ មាន​អង្គការ​ជិត ៥០ ជា​សមាជិក និង​បន្ត​បើក​ឲ្យ​មាន​ការ​ចូលរួម​ពី​អង្គការ សមាគម និង​សហជីព​ផ្សេងៗ​ទៀត ដើម្បី​រួម​ចំណែក​ក្នុង​កិច្ច​ការងារ តាម​ដាន​ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ​ខាង​មុខ​នេះ។

​លោក បាន​បន្ត​ថា ខុស​ពី​បន្ទប់​ស្ថានការណ៍​កាល​ពី​ឆ្នាំ​២០១៣ ដែល​បង្កើត​មុន​ថ្ងៃ​បោះឆ្នោត​ថ្នាក់​ជាតិ​តែ​ប៉ុន្មាន​ថ្ងៃ សម្រាប់​បន្ទប់​ស្ថានការណ៍​ថ្មី​នេះ គឺ​ចាប់​ដំណើរ​រយៈពេល​វែង ដើម្បី​បណ្តុះបណ្តាល​អ្នក​សង្កេតការណ៍ និង​តាម​ដាន​ស្ថានការណ៍​នៃ​ដំណើរការ​ទៅ​រក​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ នៅ​ថ្ងៃ​ខាង​មុខ។

​លោក​ថា៖ «ក្រុម​អ្នក​សង្កេតការណ៍ នឹង​ប្រមូល​ផ្តុំ​នៅ​ទិន្នន័យ នៃ​ការ​រាប់​សន្លឹក​ឆ្នោត​តាម​ការិយាល័យ​ទាំង​អស់ ដែល​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ ហើយ​បន្ទប់​ស្ថានការណ៍ នឹង​ផ្សាយ​នូវ​ព័ត៌មាន​ពី​លទ្ធផល​ទាំង​នោះ តាម​ដែល​អាច​ធ្វើ​បានបន្ទប់​ស្ថានការណ៍ ក៏​នឹង​រៀបចំ​របាយការណ៍​បឋម​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត ដោយ​គ្រោង​ចេញ​ផ្សាយ​នៅ​យប់​ថ្ងៃ​ដដែល ដែល​ គ.ជ.ប. ប្រកាស​ពី​លទ្ធផល​តែ​ម្តង»។​

​បើ​តាម​លោក សំ គន្ធាមី បន្ទប់​ស្ថានការណ៍ នឹង​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ប្រមាណ ២​ម៉ឺន​ ២​ពាន់ ដែល​នឹង​ត្រូវ​ចំណាយ​ថវិកា ២២​ដុល្លារ សម្រាប់​អ្នក​សង្កេតការណ៍​ម្នាក់។ លោក​ថាថ្មីៗ​នេះសហភាព​អឺរ៉ុប បាន​សន្យា​ផ្តល់​ប្រាក់​ជំនួយ​ក្នុង​កិច្ច​ការងារ​ដល់​អ្នក​សង្កេតការណ៍​ប្រមាណ ១​ម៉ឺន​ ២​ពាន់​នាក់ ខណៈ​ដែល​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍ បាន​បង្កើត​នូវ​មូលនិធិ​សប្បុរសធម៌ ដើម្បី​ស្វះ​ស្វែងរក​ថវិកា​ផ្គត់ផ្គង់​​​បន្ថែម​ទៀត។

កាល​ពី​ថ្ងៃ​សុក្រ សបា្តហ៍​មុន លោក​នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ប្ដេជ្ញា​ការពារ​ដំណើរការ​បោះឆ្នោត​ឲ្យ​ប្រព្រឹត្តិ​ទៅ​យ៉ាង​ទៀងទាត់ ប្រកប​ដោយ​សុវត្ថិភាព សេរីភាព យុត្តិធម៌ ត្រឹមត្រូវ និង​ទទួល​យក​បាន និង​ថា ការ​បោះឆ្នោត នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ នេះ ត្រូវតែ​ជា​ការ​បោះឆ្នោត​ដ៏​ត្រឹមត្រូវ​មួយ ហើយ​ធានា​សុវត្ថិភាព​សម្រាប់​បេក្ខជន​ទាំង​អស់​នៃ​បណ្តា​បក្ស​នយោបាយ។​

​គ.ជ.ប. នឹង​ទទួល​ចុះ​ឈ្មោះ​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​ឧសភា សម្រាប់​អ្នក​សង្កេតការណ៍​ជាតិរី​ឯ​អ្នក​សង្កេតការណ៍​អន្តរជាតិ ត្រូវ​ចាប់​ផ្ដើម​ទទួល​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​ឧសភា។ ​

​សមាជិក និង​ជា​អ្នកនាំពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា ដែល​ជា​អតីត​សមាជិក​បន្ទប់​ស្ថានការណ៍​ដែរ​នោះ ស្វាគមន៍​ទៅ​នឹង​កិច្ច​សហការ​របស់​បន្ទប់​ស្ថានការណ៍ និង​ជំរុញ​ឲ្យ​អ្នក​សង្កេតការណ៍ ទទួល​បាន​នូវ​ការ​បណ្តុះបណ្តាល​ពេញ​លេញ ត្រឹម​ត្រូវ ក្នុង​កិច្ច​ការងារ​នេះ។ ​លោក​ថា៖ «កាល​ណា​មាន​ភាគី​ច្រើន ចូលរួម​អង្កេត​ការ​ក្នុង​ដំណើរការ​បោះឆ្នោត​នេះ គឺ​អាច​ជួយ​ធានា​នូវ​តម្លាភាព និង​ភាព​ត្រឹមត្រូវ​ចំពោះ​លទ្ធផល​បោះឆ្នោត ហើយ​ក្នុង​នោះ គណបក្ស​ដែល​ឈ្នះ គឺ​ឈ្នះ​ដោយ​សប្បាយ​ចិត្ត ចាញ់ គឺ​ចាញ់​ដោយ​អស់​ចិត្ត អ៊ីចឹង​យើង​ឈប់​បារម្ភ​ហើយ»។​

​ក្រោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ​២០១៣ បន្ទប់​ស្ថានការណ៍​ឃ្លាំមើល​ការ​បោះឆ្នោត បាន​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ពាក់ព័ន្ធ​ទៅ​នឹង​ឈ្មោះ​ស្ទួន បញ្ហា​ជនជាតិ​វៀតណាម ​មាន​សិទ្ធិ​បោះឆ្នោត និង​ភាព​មិន​ប្រក្រតី​ចំពោះ​ការ​រាប់​សន្លឹក​ឆ្នោត​ផង​ដែរ ប៉ុន្តែ​ការ​រក​ឃើញ​ទាំង​នេះ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច​ច្រាន​ចោល ចំណែក​គណបក្ស​ប្រឆាំង បាន​ទាមទារ​ឲ្យ​សើរើ​ការ​បោះឆ្នោត និង​បោះឆ្នោត​ឡើង​វិញ​ជា​ដើម៕

ប្រភព៖ Khmertimekh